អាជ្ញាធរជាតិអប្សរា កាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើជិត ៩០ដើម នៅតាមតំបន់រមណីយដ្ឋានអង្គរដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានផ្តល់សេចក្តីជូនដំណឹងថាក្រុមការងារនៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមតំបន់រមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទនានា។
នៅបរិវេណប្រាសាទបន្ទាយស្រី អាជ្ញាធរជាតិអប្សរា នឹងកាត់ក្រីមែកឈើចំនួន ២១ដើម ក្នុងនោះមានដើមព្រីង ១ដើម ដើមឈើទាល ១ដើម ដើមអង្កាញ់ ៦ដើម ដើមចំបក់ ១ដើម ដើមអាទិត្យ ១ដើម ដើមសិរមាន់ ១ដើម និងដើមធ្នង់ ១ដើម។
ដើមឈើចំនួន ៧ដើមនៅបរិវេណប្រាសាទភ្នំបាខែង នឹងត្រូវកាត់ដកហូត និងកាត់ក្រីដើមឈើ ខណៈដើមឈើចំនួន ១០ដើមដែលស្ថិតក្នុងបរិវេណប្រាសាទបក្សីចាំក្រុង ក៏នឹងត្រូវកាត់ដកហូត និងកាត់ក្រី។
ដើមឈើចំនួន ១៤ដើម ដែលនៅស្ថិតនៅបរិវេណប្រាសាទក្រោលគោ ដើមឈើចំនួន ១៦ដើម ស្ថិតក្នុងផ្សារប៉ាវីស និងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ក៏នឹងត្រូវកាត់ដកហូត និងកាត់ក្រីផងដែរ។
ដើមឈើចំនួន ៦ដើមស្ថិតនៅបរិវេណសាលាបឋមសិក្សាឥន្ទកោសីយ៍ ដើមឈើចំនួន ៩ដើមស្ថិតនៅបរិវេណចំណតរថយន្តមុខប្រាសាទមេបុណ្យខាងកើត និងដើមអំពិល ១ដើមស្ថិតក្នុងភូមិឪឡោក ជិតប្រាសាទបាគងស្ថិតនៅខាងលិចឆៀងខាងត្បូង ក៏នឹងត្រូវកាត់ដកហូត និងកាត់គ្រីដែរ។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ តទៅ រហូតដល់ចប់ភារកិច្ច៕