
ពន្ធដារបញ្ជាក់ថា គ្មានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធានាគារ និងការតម្លើងពន្ធលើព្រលានយន្តហោះនោះទេ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាគ្មានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធានាគារ និងការដំឡើងពន្ធលើព្រលានយន្តហោះនោះទេ ដោយចាត់ទុកថាការព័ត៌មានដែលមិនត្រឹមត្រូវ មានចេតនាធ្វើឱ្យមានការភ័ន្តច្រលំលើរដ្ឋាភិបាល។
ក្នុងសេចក្ដីបំភ្លឺចំនួន ៥ទំព័រ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា រដ្ឋាភិបាលមានតែខិតខំគិតគូរដល់សុខទុក្ខ និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយមិនត្រឹមតែមិនបង្កើនការយកពន្ធនោះទេ ថែមទាំងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្តជាច្រើនផងដែរ។ អគ្គនាយកដ្ឋានបានច្រានចោលការលើកឡើងមួយចំនួនដែលថាមានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធានាគារ ការតម្លើងពន្ធលើព្រលានយន្តហោះ ការយកពន្ធលើផលិតផលកសិកម្ម ដោយថាទាំងនេះគឺពុំមានចែងណាមួយតាមច្បាប់ស្ដីពីពន្ធដារនោះទេ។
អគ្គនាយកដ្ឋានបានបញ្ជាក់ថា៖ «ជារួមតាមរយៈការសង្កេតលម្អិតលើករណីនីមួយៗដែលត្រូវបានលើកឡើង អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថាក្នុងចំណោមការលើកឡើងទាំងនោះ មួយចំនួនលើកឡើងក្នុងន័យបង្កាច់បង្ខូចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីពីសំណាក់ក្រុមប្រឆាំង មួយចំនួនផ្សព្វផ្សាយក្រោមចេតនាធ្វើឱ្យមានការភាន់ច្រឡំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មួយចំនួនលើកឡើងដោយការភាន់ច្រលំហើយផ្សព្វផ្សាយបន្តគ្នា និងមួយចំនួនទៀតលើកឡើងក្នុងគោលដៅទាក់ទាញអ្នកទស្សនា»។
អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលលើរឿងពន្ធដារនេះគឺផ្ដើមចេញពីការចាប់អនុវត្តពន្ធលើចំណេញមូលធនដែលបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាមិនមែនជាប្រភេទពន្ធដែលទើបបង្កើតថ្មីនៅកម្ពុជានោះទេ គឺចាប់អនុវត្តពីឆ្នាំ១៩៩៤ មកម្លេះ និងត្រូវបានក្រសួងសេដ្ឋកិច្ចកែសម្រួលនីតិវិធីនៅឆ្នាំ២០២០ តែដោយសារតែផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទើបរាជរដ្ឋាភិបាលសម្រេចពន្យារពេលប្រមូលពន្ធចំណេញមូលធននេះចំនួន៣ដងរួចមកហើយទើបនឹងចាប់ អនុវត្តន៍ឡើងវិញនៅខែមករា ឆ្នាំ២០២៤ ខាងមុខ។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាពន្ធលើចំណេញមូលធនមាន៥លើទ្រព្យជាមូលធនគឺ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស៕