ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនាថ្ងៃទី២៦ ខែកញ្ញា ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ឬពន្ធដីធី្លមិនបានប្រើប្រាស់សម្រាប់ឆ្នំា២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារសម្រេចទុកពេលដល់១ខែទៀតសម្រាប់ឱ្យពលរដ្ឋមកបង់ពន្ធលើអចលនទ្រព្យ ឬពន្ធដីធី្លមិនបានប្រើប្រាស់សម្រាប់ឆ្នំា២០២៣ នេះក៏ព្រោះតែចង់ផ្តល់លទ្ធភាពជូនដល់ម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប៉ុន្តែមិនទាន់មកតាមការកំណត់(ការកំណត់លើកមុន គឺត្រឹមថ្ងៃទី៣០ ខែកញ្ញា)។
អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។
ចំពោះម្ចាស់ អចលនទ្រព្យដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ក៏ត្រូវអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យ បានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬ អាចបង់ប្រាក់ពន្ធតាម Online តាមរយៈកម្មវិធី "GDT Taxpayer App ឬតាមគ្រប់សាខាធនាគារនានាផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា ម្ចាស់អចលនទ្រព្យណាដែលខកខានមិនបានមកដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕