ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យ៖ ក្រសួងវប្បធម៌មិនព្រងើយកន្តើយលើថៃដែលចម្លងប្រាសាទខ្មែរ

ភ្នំពេញ៖ រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានថ្លែងប្រាប់EACឱ្យដឹងថា ក្រសួងវប្បធម៌មិនព្រងើយកន្តើយចំពោះបញ្ហាខាងភាគីថៃដែលសាងសង់សំណង់ប្រាសាទក្នុងវត្តភូម៉ានហ្វាក្នុងខេត្តបុរីរម្យ ប្រទេសថៃ ចម្លងពីប្រាសាទខ្មែរឡើយ។

អ្នកនាំពាក្យបញ្ជាក់ថា តាំងពីមានការប្រតិកម្មលើការសាងសង់ប្រាសាទអង្គរវត្តនៅថៃនៅឆ្នាំ២០២១ កន្លងមក ក្រសួងវប្បធម៌តែងយកចិត្តទុកដាក់តាមដាន និងមានវិធានការដោះស្រាយលើបញ្ហានេះ។

អ្នកនាំពាក្យរូបនេះថ្លែងដូច្នេះថា៖«តាំងពីបញ្ហាហ្នឹងកើតមានឡើងដំបូងមក ក្រសួងវប្បធម៌មិនដែលព្រងើយកន្តើយរឿងហ្នឹងទេ យើងទាំងប្រព័ន្ធការទូត ដូចជាសកម្មភាពជំនាញក្នុងការត្រួតពិនិត្យថាតើមិនចម្លង ឬចម្លង ហើយក៏មានបញ្ជូនអ្នកជំនាញទៅស្រាវជ្រាវនៅទីតាំងផ្ទាល់ដែរ តាំងពីប្រតិកម្មពីដើមទីមកម្ល៉េះ ហើយក៏មានការចូលរួមពីភាគីថៃជាមួយយើងដែរ»។

លោក ស៊ុំ ម៉ាប់ បន្ថែមថា៖«ការងារបែបការទូត ការងារបែបជំនាញ និងការងារចុះត្រួតពិនិត្យទីតាំងផ្ទាល់ ព្រមទាំងការងារដែលតាមស្អិតរមួត ទៅលើការវិវត្តនៃសំណង់ហ្នឹង យើងកំពុងតែយកចិត្តទុកដាក់ធ្វើ ប៉ុន្តែវាជាប្រភេទរឿងមួយដែលទាមទារទាំងបច្ចេកទេស ទាំងការទូត និងភាពច្បាស់លាស់ក្នុងការដោះស្រាយ»។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ អះអាងពីជំហរបស់កម្ពុជាគឺមិនឯកភាពលើការសាងសង់ទាំងឡាយណាដែលមានការចម្លងពីកម្ពុជាឡើយ។

ពាក់ព័ន្ធនឹងករណីនេះ មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានយល់ឃើញថា ទោះបីមានការចម្លងសំណង់ប្រាសាទដូចនឹងប្រាសាទខ្មែរ ក៏មិនមានតម្លៃស្មើនឹងប្រាសាទរបស់ខ្មែរឡើយខណៈប្រាសាទអង្គរបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកបណ្ឌិត ថ្លែងដូច្នេះថា៖«ការចម្លងហ្នឹងគឺមិនអាចមានតម្លៃស្មើទេ ទី១ទឹកដៃរបស់វិចិត្រករខ្មែរ វិស្វករខ្មែរ ស្ថាបត្យករខ្មែរ និងស្ថាបត្យករថៃ គឺវាផ្សេងគ្នា ទោះបីមានបងប្អូនខ្មែរនៅហ្នឹងចូលសញ្ជាតិថៃចូលរួមដែរ គឺវាមិនដូចនោះទេ ទី២គឺខុសសម័យកាល ទោះបីមានការខំប្រឹងធ្វើថ្មក៏វាអត់ដូចរបស់ប្រភពដើម របស់ដែលមានតម្លៃគឺដោយសារតែមានអាយុវែង និងធ្វើយូរឆ្នាំមកហើយ ក៏មានភ្ជាប់អនុស្សាវរីយ៍របស់ទេសចររាប់ម៉ឺនរាប់សែននាក់»។

គូសរំលឹកថា នេះមិនមែនមានតែប្រទេសថៃដែលសាងសង់ប្រាសាទលំនាំដើមពីប្រាសាទរបស់ខ្មែរនោះទេ កន្លងមកក៏មានប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌាជាដើមក៏បានចម្លងប្រាសាទខ្មែរផងដែរ។

គូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ (Santa Fe) សហរដ្ឋអាមេរិក។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១២២ នៃគ.សករាជ ដែលត្រូវនិង ស.វទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដែលប្រាសាទនេះបានសាងសង់ឡើងដើម្បីឧទ្ទិសដល់អង្គទេព ព្រះវិស្ណុ។ បន្ទាប់មកព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងប្រាសាទអង្គរវត្តបន្តឱ្យរុងរឿងនាសម័យនោះ។ ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដ៏ខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រខ្មែរដែលទ្រង់បានកសាងរាជធានីអង្គរធំឱ្យមានភាពរុងរឿង។ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងប្រាសាទជាច្រើន ដូចជា ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទតានៃ ប្រាសាទក្រោលគោ មន្ទីរពេទ្យ សាលាសំណាក់ និងប្រាសាទបន្ទាយឆ្មារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក