កសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីករាយដែលតម្លៃស្រូវលក់បានខ្ពស់ បើទោះបីទិន្នផលទទួលបានតិចជាងឆ្នាំមុន
បន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្តីរីករាយចំពោះស្រូវនៅឆ្នាំនេះ ទទួលបានតម្លៃល្អប្រសើរ ជាងបណ្តាឆ្នាំមុនៗ បើទោះបីជាឆ្នាំនេះទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ តែចំពោះតម្លៃទទួលយកបាន ថ្លៃលើសការរំពឹងទុក។
អុំប្រុសម្នាក់ជាប្រជាកសិករដែលរស់នៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងថា ឆ្នាំនេះគាត់ធ្វើស្រែចំនួន ៧ហិកតា ប្រភេទស្រូវសែនក្រអូប ដោយឆ្នាំនេះទទួលបានទិន្នផលក្នុងហិកតាប្រហែល ៣,៥តោនប៉ុណ្ណោះ ដោយសារការខ្វះខាតទឹកកាលពីខែប្រាំង។ ការប្រមូលផលនេះគឺជាលើកទី៣ហើយ ដែលលក់បានក្នុង ១តោនបាន ប្រមាណ ២៧៨ដុល្លារអាមេរិក។
លោកថា៖ «ធ្វើស្រែយូរហើយតាំងពីបូរាណមកធ្វើស្រែរហូតឆ្នាំនេះតម្លៃស្រូវខ្ពស់ល្អ កសិករទទួលយកបាន»។
ដោយឡែកកសិករមួយរូបទៀតអ្នកស្រី ចាន់ គឿន បានក៏បានប្រាប់ស្រដៀងគ្នានោះ ប្អូនស្រីសប្បាយរីករាយ ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ ជាងឆ្នាំមុនបើទោះទិន្នផលស្រូវទាបជាងឆ្នាំមុនក៏ដោយ។
អ្នកស្រីថា៖ «សម្រាប់តម្លៃនៅឆ្នាំនេះគឺថាល្អប្រសើរជាងឆ្នាំមុន។ ខ្ញុំសូមសំណូមពរសម្រាប់តម្លៃស្រូវសុំកុំទាបជាងហ្នឹងអាចថាតម្លៃត្រឹមហ្នឹងឬលើជាងហ្នឹង»។
ទោះអ្នកស្រីក៏សំណូមពរផងដែរឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់ឱ្យកាន់តែល្អបន្ថែមទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់កសិករ។
ឈ្មួញទិញស្រូវនៅក្នុងឃុំចំណោម លោក លី វណ្ណា បានប្រាប់ឱ្យដឹងដែលថា ការប្រមូលទិញស្រូវប្រភេទសែនក្រអូបមានតម្លៃប្រមាណ ១ ២០០រៀលក្នុងមួយគីឡូ ក្រៅពីនេះលោកក៏បានប្រមូលទិញប្រភេទស្រូវស្រងែ តម្លៃចន្លោះពី ១ពាន់១រយរៀលទៅ ១ពាន់ ១៥០រៀលក្នុងមួយគីឡូ ខណៈស្រូវប្រភេទ៥១-៥៤ ទិញក្នុងតម្លៃ ១ពាន់១១៥រៀលក្នុងមួយគីឡូ។
លោកថា៖ «ក្នុងមួយថ្ងៃខ្ញុំអាចប្រមូលនៅក្នុងទឹកដីឃុំចំណោមនេះបានពី៦-៧ឡាន ក្នុងមួយឡាន ៤០តោន។ បើយើងគិតពីឆ្នាំទៅមិញដល់ឆ្នាំបើគិតពេលបច្ចុប្បន្នដូចជាឆ្នាំនេះចង់ល្អជាងឆ្នាំទៅមិញផងព្រោះថាឆ្នាំទៅមិញដល់រដូវនេះគឺអត់ដល់ ១០បាតទេ!»។
បើតាមការបញ្ជាក់ពីលោក ឃុន ឃួន អាជ្ញាធរភូមិបានប្រាប់ឱ្យដឹងថា កសិករដែលបានធ្វើស្រែប្រាំងនៅភូមិចំណោមខាងកើត ឃុំចំណោម មានចំនួន ៩៧៥ហិកតា ដោយឡែកទូទាំងឃុំចំណោមការងារប្រមូលផលស្រូវរបស់បងប្អូនកសិករប្រមាណជាង៦០ ទៅ ៦៥%ហើយ។ ភាគច្រើនកសិករនៅក្នុងឃុំចំណោយ និយមប្រើប្រាស់ពូជ៥៤ និងសែនក្រអូប ហើយទិន្នផលឆ្នាំនេះចន្លោះពី ៣,៥ ទៅ ៤តោនក្នុងមួយហិកតា។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ បានប្រាប់ឱ្យដឹងថាឆ្នាំនេះតម្លៃស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន ខណៈលោកបានបញ្ជាក់ថា ចំពោះស្រូវដែលលក់មិនបានតម្លៃខ្ពស់ដោយសារតែអាចជាស្រូវមិនសូវល្អ ពោលគឺពួកគាត់ប្រមូលផលស្រូវ ទាំងដែលស្រូវមិនសូវទុំល្អ ដែលជាហេតុធ្វើឱ្យឈ្មួញទិញក្នុងតម្លៃទាប។ តែចំពោះប្រភេទស្រូវល្អគឺទទួលបានតម្លៃខ្ពស់។
រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអទិភាពចំនួន ៦ចំណុច ដែលក្នុងនោះកម្មវិធីគោលនយោបាយទី៥ គឺការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយវិស័យផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
កសិករនៅខេត្តបន្ទាយមានជ័យដែលទទួលផលជាក់ស្ដែងពីកម្មវិធីគោលនយោបាយថ្មីនេះ និងបានប្រកាសគាំទ្រចំពោះរដ្ឋាភិបាលថ្មីដូចគ្នា។
លោកថា៖ «រដ្ឋាភិបាលអាណត្តិថ្មីនេះគឺល្អត្រឹមត្រូវគឺគាត់ជួយកសិករបើខ្ញុំតាមដានមកគឺគាត់បានជួយកសិករឱ្យមានតម្លៃខ្ពស់ហើយជួយកសិករឱ្យមានប្រព័ន្ធធារាសាស្ត្រជីកព្រែក ជីកប្រឡាយ ជួយកសិករធ្វើស្រែឱ្យបាន ២ដង។ ខ្ញុំជូនពរដល់រដ្ឋាភិបាលអាណត្តិថ្មីនេះសូមនាយករដ្ឋមន្ត្រីប្រឹងប្រែងដើម្បីជួយកសិករឱ្យមានតម្លៃខ្ពស់ហើយមានប្រព័ន្ធប្រឡាយធ្វើស្រែគឺដឹងថា អាណត្តិទី៨ នឹងជាប់ទៅមុខទៀត»៕