កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបានរថយន្តក្រុងប្រភេទចំនួន ២០កៅអី ចំនួន ២៥គ្រឿងពីក្រុមហ៊ុនរបស់កូរ៉េ គឺក្រុមហ៊ុន Booyoung Group សម្រាប់ជួយសម្រួលដល់ការដឹកអ្នកដំណើរ និងកាត់បន្ថយការចំណាយលើមធ្យោបាយប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន។
អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងហ្រ្គុប ដែលបានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទតួរីសចំនួន២០កៅ ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាប្រយោជន៍សាធារណៈ។
គូសបញ្ជាក់ថា អំណោយរថយន្តក្រុងដែលរដ្ឋបាលខេត្តកំពង់ស្ពឺទទួលបានចំនួន ២៥គ្រឿងនេះ គឺជាអំណោយរបស់ក្រុមហ៊ុន Booyoung Group ដែលប្រកាសផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជាចំនួន ១ ០០០គ្រឿង ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Group បានចុះហត្ថលេខារួមគ្នាផ្តល់ និងទទួលអំណោយរថយន្តក្រុង។
រថយន្តក្រុងចំនួន ១ ០០០គ្រឿងដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាមានចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១ ផ្តល់ឱ្យចំនួន ៤០០គ្រឿង ដំណាក់កាលទី២ ចំនួន ៣០០គ្រឿង និងដំណាក់កាលទី៣ ចំនួន ៣០០គ្រឿង៕