ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដែលត្រៀមបំពេញការងារនៅក្រសួងយុត្តិធម៌
ភ្នំពេញ៖ សភាភូមិន្ទយុត្តិធម៌កម្ពុជា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដើម្បីត្រៀមលក្ខណៈទៅបំពេញការងាររបស់ខ្លួននៅក្រសួងយុត្តិធម៌។
ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ លោក កើត រិទ្ធិ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះមន្រ្ដីជាប់កិច្ចសន្យាទាំង ៣០រូប ដែលបានប្រឡងជាប់ស្ថាពរជាមន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសនៃក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣ ដែលជាការប្រឡងជ្រើសរើសបែបបច្ចេកទេសដែលពុំដែលមានពីមុនមកនៅក្នុងវិស័យយុត្តិធម៌។
លោកក៏បានណែនាំ និងផ្តាំផ្ញើដល់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសជំនាន់ទី១ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន សិក្សារៀនសូត្រ និងបង្កើនចំណេះដឹង សំដៅរួមចំណែកដើម្បីការអភិវឌ្ឍវិស័យយុត្តិធម៌ និងដើម្បីអនាគតរបស់ខ្លួន ហើយត្រូវយកសមត្ថភាព និងឆន្ទៈ ដាក់ចិត្ត ដាក់កាយ ប្តូរផ្តាច់ដើម្បីបម្រើប្រជាជន និងប្រទេសជាតិឱ្យបានល្អ។
រដ្ឋមន្ត្រីយុត្តិធម៌រូបនេះ ក៏បានគូសរំលេចផងដែរនូវគោលការណ៍ការងារ ដែលរាជរដ្ឋាភិបាលថ្មីនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់គឺ គោលការណ៍ "គុណាធិបតេយ្យ" ក្នុងការតែងតាំងមន្ត្រីក្នុងមុខតំណែងការងារនីមួយៗ។ ក្នុងនាមជាថ្នាក់ដឹកនាំក្នុងវិស័យយុត្តិធម៌ ក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍ "អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព!" ក្នុងការដឹកនាំវិស័យនេះ។
គួរឱ្យដឹងដែរថា ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១ សរុបចំនួន ៣៤រូប ដែលក្នុងនោះ ៣០រូប ទើបតែបានប្រឡងជាប់ជាស្ថាពរ និង ៤រូបទៀត គឺជាមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅក្រសួងយុត្តិធម៌។
កម្មវិធីនេះផ្ដោតការបណ្ដុះបណ្ដាលលើ រចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌ និងការងាររដ្ឋបាលទូទៅ និងកិច្ចការបច្ចេកទេសនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត និងរចនាសម្ព័ន្ធនិងមុខងាររបស់តុលាការ។
កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១ នេះ មានរយៈពេល ៤សប្ដាហ៍ និងជាកម្មវិធីបណ្តុះបណ្តាលលើកដំបូងរបស់សាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ៕