ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា ករណីដំបូងដែលកើតឡើងដោយមាន អ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ។
ជាមួយគ្នានេះ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងពីរបៀបឆ្លងនៃជំងឺភ្នែកក្រហមនេះ ដោយសារការប៉ះពាល់ផ្ទាល់ជិតគ្នា និងប្រើប្រាស់របស់របរនិងសម្ភារ:រួមគ្នា។ ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល ហើយជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ចំពោះការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
ទន្ទឹមនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងស្នើឱ្យសាធារណជនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងរាយការណ៍ជាបន្ទាន់បើឃើញកើតជាច្រើនក្នុងកន្លែងធ្វើការ សាលារៀន ក្នុងសហគមន៍ ដោយទំនាក់ទំនងបានតាមលេខ ១១៥៕