ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ឥណ្ឌា នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ

ញូវយក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្នើភាគីឥណ្ឌា បានជួបពិភាក្សាការងារជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងជំនួបពិភាក្សាការងារនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា និងឥណ្ឌានឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លើកឡើងចំពោះវិស័យសន្តិសុខ និងយោធា ភាគីទាំងពីរបានយល់ស្របថាគួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ លោកយល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងសន្តិសុខតំបន់ លោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា បានបង្ហាញនូវការព្រួយបារម្ភអំពីបញ្ហាដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ ដែលទាំងនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។ លោកបានបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថាប្រទេសទាំងពីរបន្តនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា ឱ្យសម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។ សម្ដេចធិបតី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ និងដែលនឹងអាចចូលរួមចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ២០២៥។

សម្តេចធិបតី បានស្នើឱ្យពន្លឿន និងឈានដល់បញ្ចប់ នាពេលខាងមុខដ៏ខ្លីពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT)។ ចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សម្តេចធិបតី បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។ ការផ្តល់នូវដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញនូវសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងក្របខណ្ឌអាស៊ាន នៅក្នុងការបំពេញតួនាទីជាយន្តការតំបន់ដ៏មានប្រសិទ្ធភាព។

សម្តេចធិបតី បានបន្តថា អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់នូវរាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ។ ក្នុងន័យនេះ កម្ពុជាបានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់នូវគំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញ ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា។

ក្នុងកិច្ចបញ្ចប់ ថ្នាក់ដឹកនាំកម្ពុជា និង ឥណ្ឌា ក៏បានប្ដេជ្ញាចិត្តជួយគាំទ្រ និងសហការគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ដែលជាប្រពៃណីនៃប្រទេសជាមិត្ត តាំងពីយូរលង់មកហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក