កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

រដ្ឋមន្រ្តីសង្គមកិច្ច ចុះទស្សនកិច្ចអង្គការម្លប់តាប៉ាងដែលមានបេសកកម្មផ្ដល់សេវាជាច្រើនដល់កុមារ យុវជនរងគ្រោះ ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងលោកស្រី ជា ផល្គុន ព្រមទាំងឥស្សរជន នៃក្រសួងសង្គមកិច្ច បានចុះទស្សនកិច្ចនៅ អង្គការម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

អង្គការម្លប់តាប៉ាង ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានបេសកកម្មផ្ដល់ សេវាជាច្រើនដល់កុមារ យុវជនរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ហើយអង្គការនេះមានគោលបំណងចង់ឃើញកុមារទាំងអស់រស់នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់គេប្រកបដោយសុវត្ថិភាព សុខភាពល្អ និងមានសុភមង្គលដែលបាននូវការគោរពស្រលាញ់ស្មើៗគ្នា និងជម្រើសវិជ្ជមាន ដើម្បីឱ្យពួកគេមាន អនាគតល្អ។

កុមារដែលទទួលមករស់នៅក្នុងអង្គការម្លប់តាប៉ាងនេះ រួមមានកុមារតាមថ្នល់ កុមារងាយរងគ្រោះ និងកុមាររងគ្រោះនៅខេត្តព្រះសីហនុទាំងអស់ទទួលបាននូវសុវត្ថិភាព ការថែទាំ គាំទ្រផ្លូវកាយ និងផ្លូវចិត្ត ដោយផ្តល់ឱ្យពួកគេមានឱកាសទទួលបាននូវការអប់រំ ការបណ្ដុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត សកម្មភាពច្នៃប្រឌិត ការបង្រួបបង្រួមកុមារនឹងគ្រួសារ និងការការពារពួកគេពីការ រំលោភបំពានផ្សេងៗ គ្រប់រូបភាព ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អក្នុងសង្គម ដោយឈរលើគុណតម្លៃក្នុងការអនុវត្តការងារដូចជា គោរព និងគិតពីឧត្តមប្រយោជន៍កុមារ គោរពស្រលាញ់ចំពោះកុមារស្មើៗគ្នា គ្មានរើសអើង និងជាគំរូល្អ និងមានយល់ចិត្តការងារប្រកបដោយឆន្ទៈ និងជំនាញវិជា្ជជីវៈ។

អង្គការម្លប់តាប៉ាង មានកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកចុងក្រោយចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សុពលភាពដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មានថវិកាសរុបសម្រាប់ប្រើប្រាស់ ៨៤៨ ៧០០ដុល្លារសហរដ្ឋអាមេរិក (នាយកដ្ឋានសុខុមាលភាពសង្គមទទួលបន្ទុក)។ ក្នុងនោះ អង្គការម្លប់តាប៉ាងនេះមានបុគ្គលិកសេវាចំនួន២២៦នាក់ និងកុមារចំនួន ១៣០នាក់។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានសម្តែងការអរគុណ និងកោតសសើរដល់គណៈគ្រប់គ្រងនៃអង្គការម្លប់តាប៉ាងដែលយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចការក្នុងអង្គការនេះ និងបាននាំយកការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និង លោកស្រី ជា ផល្គុន បានឧបត្ថម្ភដល់អង្គការម្លប់តាប៉ាងចំនួន ៥លានរៀលផងដែរ។

លោក ជា សុមេធី ថ្លែងថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការម្លប់តាប៉ាង ដែលបង្កលក្ខណៈល្អប្រសើរក្នុងការរៀបចំកម្មវិធីឱ្យគណៈប្រតិភូនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះមកទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពនៃមណ្ឌលម្លប់តាប៉ោងនាថ្ងៃនេះ។ តាងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនផ្ទាល់ ខ្ញុំសូមជូនពរដល់អង្គការតាប៉ាងដំណើរការកាន់តែជោគជ័យ និងសូមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងកុំបីឃ្លៀងឃ្លាតឡើយ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក