វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងសុខាភិបាលបញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគមរបស់លោក ស៊ូ សេងហ៊ួរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ឈប់សកម្មភាពព្យាបាលជំងឺដោយមន្តអាគម និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលរបស់ លោក ស៊ូ សេងហ៊ួរ ដែលតែងខ្លួនជាតាឥសី។

ក្រសួងសុខាភិបាលបានអះអាងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ទៀត ទោះបីជាធ្លាប់បានសន្យាថាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលថ្លែងឱ្យដឹងថា៖ «ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់»។

ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ។

ក្រសួងបញ្ជាក់ថា ក្នុងករណីពលរដ្ឋត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង នៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣៨ ០៦៦ / ០១២ ៩៨៣ ៣៣៤ / ០១២ ២០៤ ៩៦៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក