
អគ្គលេខាធិការ DAC លើកទឹកចិត្តជនមានពិការភាពបន្តសិក្សាដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯង និងសង្គមជាតិ
ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានអបអរសាទរជូនចំពោះបេក្ខជនដែលមានពិការភាពប្រឡងឌីម្លូបឆ្នាំ២០២៣នេះ និងបានជូនពរឱ្យពួកគេសម្រេចជោគជ័យគ្រប់ៗគ្នា។
ថ្លែងក្នុងក្រុម Telegram ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា ការដែលជនមានពិការភាពអាចបន្តការសិក្សារហូតដល់ប្រលងឌីប្លូមនេះជាការបង្ហាញនូវភាពជោគជ័យ និងការគិតគូររបស់រដ្ឋាភិបាលជូនដល់ជនមានពិការភាពនៅកម្ពុជា។
លោកថា៖ «ខ្ញុំមានសង្ឃឹមជឿជាក់ថាបងប្អូនមានពិការភាពទាំងអស់ទទួលបានជោគជ័យ និងសូមជូនពរឱ្យបងប្អូនដែលមានពិការភាពក៏ដូចជាបេក្ខជនប្រឡងនោះគឺទទួលបានជោគជ័យជាប់ចំណាត់ថ្នាក់ល្អប្រសើរដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងរាជរដ្ឋាភិបាល»។
លោកថា ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីថ្មីក្រសួងសង្គមកិច្ច លោករដ្ឋមន្ត្រី ជា សុមេធី ក៏ដូចជាភរិយា បានយកចិត្តទុកដាក់ជាខ្លាំងដល់ជនមានពិការភាពគ្រប់រូបដោយពុំមានការរើសអើង ឬនិន្នាការនយោបាយនោះទេ។
ក្រសួងអប់រំបានឱ្យដឹងថាក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនចូលរួមប្រឡងឌីប្លូម សរុប ១៧៨ ១៣៤ នាក់ ក្នុងនោះមានបេក្ខជនគ-ថ្លង់ ២៧ នាក់ និងបេក្ខជនមានពិការភាពភ្នែក ២២ នាក់៕