ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានជំរុញដល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានសម្រេច។
ការជំរុញនេះធ្វើឡើងក្នុងពេលដែលលោកដឹកនាំថ្នាក់ដឹកនាំក្រសួងចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ព្រមទាំងពិនិត្យមើលដំណើរការផ្ដល់សេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។
គោលនយោបាយទាំង៦ចំនុចនោះរួមមាន ១.ការពង្រីកសេវាថែទាំសុខភាពពលរដ្ឋគ្រប់ៗគ្នា ២.យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ៣. ការផ្ដល់កម្មវិធីជាតិជំនួយសង្គមដល់ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ទី៤. អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។ ទី៥. ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) និងទី៦. រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។
គួរឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីនៅថ្ងៃនេះ គឺក្នុងគោលបំណងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យ និងផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះដែលបានដាក់ចេញ។
ទន្ទឹមនឹងការអភិវឌ្ឍន៍ទាំងនេះលោករដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងផ្តល់ការណែនាំល្អៗសម្រាប់ការថែរក្សាសុខភាព ដែលមកទទួលសេវាព្យាបាលរបស់មន្ទីរពេទ្យផងដែរ៕