ភ្នំពេញ៖ រដ្ឋមន្ត្រីមុខងារសាធារណៈលោក ហ៊ុន ម៉ានី បានលើកឡើងថាប្រាប់ភាគីតួកគីថា កម្ពុជាមានសក្ដានុពលច្រើនដែលផ្ដល់ប្រយោជន៍ក្នុងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសជាមិត្ត។
ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Ülkü Kocaefe នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកជូនឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចតេជោនាអតីតនាយករដ្ឋមន្ត្រីដែលបានលើកឡើងថា៖ «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាងនេះ គឺកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកមួយនៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដ៏ទៃផ្សេងទៀត»។ ជាមួយនឹងកាតបញ្ចាក់នេះលោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះរាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាពកិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតតួកគី បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើលោកស្រីមានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើ វិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រយៈពេលជាង៦៤ ឆ្នាំនៃប្រទេសកម្ពុជា-តួកគី។ លោកបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ៕