ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅមហាសន្និបាតអង្គការសហប្រជាជាតិថាកម្ពុជាមិនស្វាគមន៍ទ័ពបរទេសលើទឹកដីរបស់ខ្លួន ហើយរឹតតែមិនអនុញ្ញាតឱ្យបរទេសប្រើទឹកដីរបស់ខ្លួនដើម្បីគំរាមកំហែងប្រទេសដទៃផងដែរ។
ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួនដោយរក្សានូវឯករាជ្យ គោរពបូរណភាពទឹកដី គោរពគ្នាទៅវិញទៅមក រក្សាសាមគ្គីភាព និងកសាងមិត្តបន្ថែម។ សម្ដេចធិបតីប្រកាស«ប្រឆាំងដាច់ខាត» ការគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។
សម្ដេចថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយប្រើប្រាស់ទឹកដីប្រឆាំងនឹងប្រទេសមួយទៀត»។
សម្ដេចថា កម្ពុជានឹងប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយប្រជាជាតិទូទាំងពិភពលោកដើម្បីបន្តសន្តិភាពសាកល សន្ដិសុខ ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងពិភពលោក។
សម្ដេចធិបតីបានលើកឡើងពីតម្លៃនៃសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា និងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេស និងបានបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកកោនរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅក្នុងមហាសន្និបាតនេះផងដែរ៕