កម្ពុជាផ្ទេរលិខិតដឹកនាំកិច្ចប្រជុំមេដឹកនាំកាកបាទក្រហមអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ទៅឱ្យប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ សម្ដេចព្រះមរមនាថ នរោត្តម សីហនុ ជាព្រះប្រធានកិត្តិយសដឹកនាំបានដោយជោគជ័យកិច្ចប្រជុំមេដឹកនាំកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣នេះកាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ និងបានប្រគល់លិខិតដឹកនាំកិច្ចប្រជុំនាឆ្នាំក្រោយទៅឱ្យប្រទេសឥណ្ឌូនេស៊ីផងដែរ។
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់លិខិតដឹកនាំកិច្ចប្រជុំកាកបាទក្រហម អឌ្ឍច័ន្ទក្រហម តំបន់អាស៊ីអាគ្នេយ៍ទៅឱ្យប្រទេសឥណ្ឌូនេស៊ីដឹកនាំបន្តដោយផ្ទាល់។
ថ្លែងបន្ទាប់ពីទទួលលិខិតផ្ទេរពីសម្ដេចប្រធាននៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ីលោក Abdurahman Mohammad បានថ្លែងអំណរគុនជូនចំពោះសម្ដេចកិត្តព្រឹទ្ធិបណ្ឌិតដែលបានខិតខំប្រឹងប្រែងនាំឱ្យកិច្ចប្រជុំរយៈពេល២ថ្ងៃមកនេះសម្រេចបានដោយបានចេញនូវសេចក្ដីថ្លែងការណ៍រួមរាជធានីភ្នំពេញ។ លោកថាអឌ្ឍចន្ទក្រហមឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំកិច្ចប្រជុំនេះបន្តនៅឆ្នាំ២០២៤ផងដែរ។
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកកិច្ចប្រជុំរយៈពេល២ថ្ងៃមកនេះបានគូសបញ្ជាក់ពីសារៈសំខាន់ និងការផ្ដោតការយកចិត្តទុកដាក់ដល់ការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូនតាមរយៈផែនការអភិវឌ្ឍន៍បៃតង ការលើកកម្ពស់ការពិគ្រោះយោបល់ដើម្បីពង្រីងសាមគ្គីភាពក្នុងតំបន់។
សម្ដេចបានសាទរដល់អឌ្ឍច័ន្ទក្រហមឥណ្ឌូនេស៊ីផងដែរដែលបានបន្តធ្វើជាប្រធាននៃកិច្ចប្រជុំនេះនៅឆ្នាំក្រោយផងដែរ។
គួរឱ្យដឹងផងដែរថាកិច្ចប្រជុំមេដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍ (SEA) គឺជាកិច្ចប្រជុំក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានគាំទ្រដោយលេខាធិការដ្ឋាន សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ (SEA IFRC)។ កិច្ចប្រជុំប្រចាំឆ្នាំនេះប្រមូលផ្តុំមេដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (RCRC) មកពីតំបន់អាស៊ីអាគ្នេយ៍ (SEA) IFRC និង ICRC ដើម្បីពិភាក្សា និងសម្រេចលើបញ្ហាដែលចាប់អារម្មណ៍ដែលកំពុងកើតមាននៅក្នុងតំបន់។
កិច្ចប្រជុំនេះនឹងបញ្ចប់នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចេញសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញមួយផងដែរ។ នេះជាលើកទី៣ហើយដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំអង្គការសប្បុរសធម៌ដ៏ធំនេះបន្ទាប់ពីឆ្នាំ២០០៧ និងឆ្នាំ២០១៥៕