លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហម

ភ្នំពេញ : ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសកូនចៅប្រជានុរាស្រ្តដែលកំពុងរស់នៅក្នុងតំបន់ក្រហមនៃរាជធានីភ្នំពេញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គតាមរយៈសាលារាជធានីភ្នំពេញរួមមាន អង្ករចំនួន ១០៥តោន មីចំនួន ៤,៣០០កេសតូច​ ត្រីខចំនួន ៤,៣០០យួរ​ ទឹកសុទ្ធ ចំនួន ៦៥០កេស​ និង​ម៉ាស់ចំនួន ១២,០០០បន្ទះ​ នាវេលាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។ 

ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាត់ចែងយកទៅប្រគល់ជូន បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម ដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្វាយសារអរព្រះគុណយ៉ាងជ្រាលជ្រៅជាបំផុត ចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ដែលជាកន្លែងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ និងមិនអាចចេញទៅប្រកបរបរទទួលទានបាននាពេលនេះ។

លោកបន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាត នៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅរាជធានីភ្នំពេញ និងបានបង្ហាញឲ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ដែលជានិច្ចជាកាលព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង  បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដំ សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែង តរៀងទៅ។

លោក ឃួង ស្រេង ក៏បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយនាពេលនេះ។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាល នៃព្រះអង្គទាំងទ្វេ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក