ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ជំនួសរដ្ឋមន្ត្រី លោក ឈាង រ៉ា។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការលើកកម្ពស់សុខុមាលភាពប្រជាជនគឺជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។
លោកស្រី បានគូសបញ្ជាក់នូវសកម្មភាពជាអាទិភាពសំខាន់ៗចំនួន៩ រួមមាន ការអប់រំសុខភាពប្រជាជន លើកកម្ពស់ស្ថានភាពសុខភាពប្រជាជន ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការទប់ស្កាត់ នឹងការរីករាលដាលជំងឺឆ្លងជាសាកលនានាដែលកើតមាន ផលប៉ះពាល់សុខភាពបណ្តាលពីការប្រែប្រួលអាកាសធាតុ ការពង្រឹងការពិនិត្យព្យាបាល លើកកម្ពស់គុណភាពសេវា និយតកម្មវិស័យឯកជន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសុខភាពឌីជថល។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តលើកឡើងនូវអាទិភាពបន្ទាន់ បីចម្បងគឺ ១) ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារ បំពាក់សម្ភារ ឱសថ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការបម្រើការសេវា ២៤ម៉ោង ២) ពង្រឹងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ជាតិ ព្រមទាំងនិយតកម្មសេវាឯកជនឲ្យបានប្រសើរឡើង និង៣) ពង្រឹងស្ថាប័នតាមរយៈ ការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងអាយុ យឺនយូរ។
អនុប្រធានយូនីសេហ្វនៅកម្ពុជា លោកបណ្ឌិត Anirban Chatterjee បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យូនីសេហ្វ នៅក្នុងការគាំទ្រការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា។
លោកស្រីថ្លែងថា៖ «យើងបានតម្រែតម្រង់អាទិភាពជាយុទ្ធសាស្ត្ររបស់យូនីសេហ្វ ដើម្បីគាំទ្រដល់វិស័យសកម្មភាពស្នូលជាច្រើននៃ PHC-BIF។ នេះរួមបញ្ចូលទាំងការពង្រឹងការចូលរួមរបស់សហគមន៍ និងការគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងប្រព័ន្ធថ្នាក់ក្រោមជាតិសម្រាប់សេវាសង្គម រួមទាំងសេវាសុខភាពផងដែរ»។
តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រី ប៉ាស្កាល់ រីងវដ (Dr. Pascal Ringwald) មានប្រសាន៍ថា៖ «រាល់មួយដុល្លារដែលបានវិនិយោគក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង អាចបានផលត្រលប់មកវិញរហូតដល់ ១០ដងនៃតម្លៃ ដល់សេដ្ឋកិច្ចកម្ពុជា ដោយផលចំណេញដ៏ធំបំផុតបានមកពីការថែទាំសុខភាពបឋម តាមរយៈការបង្ការ ការលើកកម្ពស់សុខភាព និងការដោះស្រាយកត្តាហានិភ័យអន្តរវិស័យ»។
លោកស្រី ប៉ាស្កាល់ រីងវដ ក៏បានគូសបញ្ជាក់បន្ថែមថា ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះមានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បី ពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។
លោកស្រី បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងផ្តល់ការគាំទ្រសម្រាប់ការជំរុញការងារថែទាំសុខភាពបឋមនៅកម្ពុជាឱ្យទទួលបានជោគជ័យបន្ថែមទៀត៕