បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សៀ សុភ័ក្រ្ត មានប្រសាសន៍ថា សាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង មិនថាពុទ្ធសាសនា គ្រីស្ទសាសនា សាសនាបាហៃ និងអ៊ីស្លាមសាសនាជាដើម គឺសុទ្ធតែមានការរីកលូតលាស់ទាំង បរិមាណព្រះវិហារ វិហារ ស្នាក់ការ ស៊ូរ៉ាវ ស្របពេលដែលសាសនិកនៃសាសនានីមួយៗកាន់តែមានការកើនឡើងជាលំដាប់ ក្រោមម្លប់នៃសន្តិភាពយ៉ាងពេញលេញពេញផ្ទៃប្រទេស។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានបែបនេះនៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការ គ្រីស្ទបរិស័ទខេត្តបន្ទាយមានជ័យ ប្រាព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
លោក សៀ សុភ័ក្រ្ត បន្តថា នៅប្រទេសកម្ពុជាគ្រប់សាសនាទាំងអស់សុទ្ធតែបានប្រតិបត្តិបានយ៉ាងល្អប្រសើរទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួននិងមានសិទ្ធស្មើរគ្នា។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់គ្រប់សាសនាទាំងអស់ បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមកម្មវិធីសង្គម មនុស្សធម៌ដូចដែលបានធ្លាប់បាន អនុវត្តនាពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា របាយការណ៍គណៈកម្មការគ្រីស្ទបរិស័ទខេត្តបន្ទាយមានជ័យ មានព្រះវិហារ ទីស្នាក់ការថ្វាយបង្គំទាំង ៩ក្រុង-ស្រុក សរុប ១៧៨កន្លែង ក្នុងនោះមានវិហារ ១៤កន្លែង ស្នាក់ការថ្វាយបង្គំ ១៦៣កន្លែង និងសាលាព្រះគម្ពីរ ១កន្លែង។ ក្រុមជំនុំ ព្រះវិហារ ទីស្នាក់ការថ្វាយបង្គំដែលបានចុះបញ្ជី សរុប ៤៥កន្លែង កំពុងដំណើរការរត់ច្បាប់ ៥៩ កន្លែង និងកំពុងសម្របសម្រួលច្បាប់ចំនួន ៧៤កន្លែង តាមសារាចរណែនាំក្រសួងធម្មការ និងសាសនា។ ចំណែកគ្រីស្ទបរិស័ទទូទាំងខេត្តសរុប ៤ ៤៨៨នាក់ ស្រី ២ ៦៥១នាក់៕