ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងកសិកម្មគាំទ្រចំពោះលើការវិនិយោគសំបុកត្រចៀកកាំនាំចេញទៅចិនរបស់ក្រុមហ៊ុន យ៊ានអានជូ គ្រុប

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហាញការគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំនាំចេញទៅទីផ្សារចិន របស់ក្រុមហ៊ុនយ៊ានអានជូ គ្រុប។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា បានបង្ហាញការគាំទ្រនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយជ្រុំជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងអំពីតម្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្ម និងសញ្ញាល្អសម្រាប់ការវិនិយោគ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី ឌិត ទីណា បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន។

គូសរំលឹកថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងកសិកម្ម និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម បានឲ្យដឹងថាតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១តោន ទៅ ១,៥តោនក្នុងមួយខែ។

សំបុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០ ទៅ៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០ ទៅ ២ ០០០ដុល្លារក្នុងមួយគីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក