បញ្ហាការប្រែប្រួលអាកាសធាតុត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ាន
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០ ឆ្នាំ២០២៣ បានធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំនេះ ដោយសម្ដេចប្រធានកាកបាទក្រហម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៃកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី២១ ខែកញ្ញា អង្គប្រជុំបានពិភាក្សាជាច្រើនលើបញ្ហាដែលតំបន់កំពុងប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅក្នុងសន្តិសីទសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការងទី១ នៃកាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា បន្ទាប់ពីសម្ដេចប្រធានបានប្រកាសបើកនិងផ្ដល់ជាអនុសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាបានធ្វើការផ្ដោតជាសំខាន់ទៅលើការប្រែប្រួលអាកាសធាតុដែលជាបញ្ហាចម្បងដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។ លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះភាគីកម្ពុជាដែលជាប្រធាននៃកិច្ចប្រជុំបានស្នើឲ្យមានការពិភាក្សាលើធម្មនុញ្ញអាកាសធាតុដែលបានចេញកាលពីឆ្នាំកន្លងទៅផងដែរ។
លោកស្រីថា៖ «នៅក្នុងអង្គការជាង៣០០ ដែលបានចុះហត្ថលេខាយើងអត់ទាន់មានអ្វីដែលជាចំណុចយើងត្រូវយកមកអនុវត្តន៍ ឬមានចំណុចអីត្រូវយកមកអនុវត្តន៍ឱ្យច្បាស់លាស់ទេ។ អ៊ីចឹងបានសម្រាប់កិច្ចប្រជុំលើកទី២០នេះកាកបាទក្រហមកម្ពុជាបានស្នើលើកយកប្រធានបទនេះយកមកពិភាក្សាដើម្បីយើងចង់ឱ្យបានច្បាស់ទាំងអស់គ្នាថាអ្វីទៅដែលជាផែនការសម្រាប់អនុវត្តន៍»។
ក្រៅពីបញ្ហាដែលបានលើកយកមកពិភាក្សាជាចម្បងនេះ ការលើកឡើងរបស់យុវជនកាកបាទក្រហមប្រទេសតំបន់អាស៊ានដែលបានដាក់ស្នើមកក្នុងអង្គប្រជុំ ក៏ត្រូវបានសម្ដេចប្រធានកាកបាទក្រហមកម្ពុជាទទួលយកនិងពិចារណាដាក់ក្នុងសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញផងដែរ។
គួរឱ្យដឹងផងដែរថា ក្នុងពេលថ្លែងបើកកិច្ចប្រជុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ពិនិត្យបញ្ហាប្រឈមដើម្បីស្វែងរកការគាំទ្រ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈគោលនយោបាយឆ្ពោះទៅមុខរួមមាន ១. ត្រូវបន្តកសាងសមត្ថភាពដល់ក្រុមប្រតិបត្តិ ២. ពង្រឹងការចូលរួម ពីដៃគូពាក់ព័ន្ធនានា ៣. បន្តកសាងសមត្ថភាពយុវជន ការអភិវឌ្ឍជំនាញ និងការកសាងបណ្តាញការងារ ៤. ត្រូវបង្កើតយន្តការដោះស្រាយរួម សម្រាប់អនុវត្ត ឈានទៅសម្រេចបានយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធ និង៥. ត្រូវបន្តរួមគ្នាបង្កើតសង្គមមួយ ដែលមានខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានបៃតង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុទិដ្ឋិនិយមចំពោះគំនិតផ្ដួចផ្ដើមខាងលើ និងសង្ឃឹមថា កិច្ចប្រជុំរបស់នឹងបន្តអនុវត្តស្វែងរកយន្តការរួមដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ឱ្យកាន់តែ មានវិសាលភាពទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។
គួរឱ្យដឹងផងដែរថាកិច្ចប្រជុំមេដឹកនាំកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍ (SEA) គឺជាកិច្ចប្រជុំក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានគាំទ្រដោយលេខាធិការដ្ឋាន សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ីអាគ្នេយ៍ (SEA IFRC)។ កិច្ចប្រជុំប្រចាំឆ្នាំនេះប្រមូលផ្តុំមេដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (RCRC) មកពីតំបន់អាស៊ីអាគ្នេយ៍ (SEA) IFRC និង ICRC ដើម្បីពិភាក្សា និងសម្រេចលើបញ្ហាដែលចាប់អារម្មណ៍ដែលកំពុងកើតមាននៅក្នុងតំបន់។
កិច្ចប្រជុំនេះនឹងបញ្ចប់នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានចេញសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញមួយផងដែរ៕