សម្តេចកិត្តិព្រឹទ្ធបណ្ឌិតលើកទឹកចិត្តសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ពិនិត្យបញ្ហាប្រឈម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ចើញបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីពិនិត្យ និងវាយតម្លៃលើ វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារកន្លងមក។
ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តិឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។
ក្នុងពិធីបើកនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ពិនិត្យបញ្ហាប្រឈមដើម្បីស្វែងរកការគាំទ្រ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈគោលនយោបាយឆ្ពោះទៅមុខ រួមមាន ទី១- ត្រូវបន្តកសាងសមត្ថភាពដល់ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសភាពការណ៍ក្នុងវិស័យមនុស្សធម៌ ត្រូវបង្កើតបណ្តាញក្រុមអ្នកជំនាញ និងប្រតិបត្តិករផ្ទាល់លើការងារស្វែងរកដំណោះស្រាយថ្មី នៃការងារមនុស្សធម៌ ដើម្បីអាចចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួម។
ទី២- ត្រូវបន្តពង្រឹងការចូលរួម ពីដៃគូពាក់ព័ន្ធនានា ដោយបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល មន្រ្តីថ្នាក់ក្រោមជាតិ វិស័យឯកជន និង ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីកៀរគរធនធាន ផ្តល់ អំណោយមនុស្សធម៌ និង ការអប់រំផ្សព្វផ្សាយសុខភាពសាធារណៈ ។
ទី៣- ត្រូវបន្តកសាងសមត្ថភាពយុវជន ការអភិវឌ្ឍជំនាញ និងការកសាងបណ្តាញការងារ ដោយប្រគល់សិទ្ធិសម្រេច និងផ្តល់ឱកាសដល់យុវជនចូលរួមធ្វើសេចក្តីសម្រេច ការអនុម័ត និង ការអនុវត្តការងារ ការបណ្តុះគំនិត និងវិធីសាស្រ្តថ្មីៗ ដើម្បីលើកកម្ពស់និរន្តរភាពកម្លាំងមនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនជួយសហគមន៍ឱ្យឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ។
ទី៤- ត្រូវរួមគ្នាបង្កើតយន្តការដោះស្រាយរួមសម្រាប់អនុវត្ត ឈានទៅសម្រេចបានយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធ និង យុទ្ធសាស្ត្ររបស់សមាគមជាតិនីមួយៗ ដែលមានគោលដៅធ្វើឱ្យសហគមន៍ខ្លួន ដែលកំពុងប្រឈមនឹងហានិភ័យ នៃគ្រោះមហន្តរាយ ក្លាយទៅជាសហគមន៍មួយមានភាពធន់ ឆ្លើយតបបានទៅនឹងគ្រោះមហន្តរាយផ្សេងៗ បានឆាប់រហ័ស។
ទី៥- ត្រូវបន្តរួមគ្នាបង្កើតសង្គមមួយ ដែលមានខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានបៃតង តាមរយៈ យុទ្ធនាការ ដាំដើមឈើ នៅតាមកន្លែងសាធារណៈ វត្តអារាម សាលារៀន កន្លែងដែលពុំមានដើមឈើ និង នៅតាមដងវិថីនានា។ ក្នុងករណីមនុស្សម្នាក់ៗ អាចដាំដើមឈើបានមួយដើម នោះពិភពលោកនឹងមានបរិស្ថានបៃតងប្រកបដោយសុខភាព និង សុខុមាលភាពជាមួយនឹងជីវចម្រុះធម្មជាតិ ដែលជាអត្ថប្រយោជន៍នៃភពផែនដី និងមនុស្សជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុទិដ្ឋិនិយមចំពោះគំនិតផ្ដួចផ្ដើមខាងលើ និងសង្ឃឹមថា កិច្ចប្រជុំរបស់នឹងបន្តអនុវត្តស្វែងរកយន្តការរួមដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ឱ្យកាន់តែមានវិសាលភាពទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព៕