ភ្នំពញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នេះមានត្រឹម ៥,៣ភាគរយ ពោលទាបជាងការព្យាករពីដើមឆ្នាំថានឹងមានកំណើនដល់ ៥,៥% គឺដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទី១។
កំណើនសេដ្ឋកិច្ចនៅកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងកើនដល់ ៦%។ តាមរបាយការណ៍របស់ ADB ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ក្នុងឆមាសទី១ នៃឆ្នាំ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញផលិតផលកម្មន្តសាលក ពីវិស័យកាត់ដេរ មានជាអាទិ៍ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។
របាយការណ៍ដដែលបានប្រាប់ឱ្យដឹងថា ADB បានព្យាករថា កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ ពី ៧,៣% ទៅ ៨,០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥,៨% មក ៤,៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ ០,៩%។ របាយការណ៍នេះរក្សា ការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣,០% និងឆ្នាំក្រោយនៅកម្រិត ៤,០%។
នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma មានថ្លែងដូច្នេះថា៖«ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹង ជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុង ស្រុកបានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះ កំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយសារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍»។
ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់និងអំពី ស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាស ផែនដី។
ការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប ២,៤ពាន់លានដុល្លារ ហើយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មានប្រមាណ ៣៥០លានដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕