ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់កីឡាករកម្ពុជាឱ្យបង្កើតនូវមិត្តភាពជាមួយកីឡារបរទេសទោះបីជាចាញ់ឈ្នះលើទីលានប្រកួតក្ដី។ សម្ដេចថាការធ្វើបែបនេះគឺបានបង្ហាញនូវអត្ថចរិត ភាពថ្លៃថ្នូររបស់ជាតិខ្មែរនៅលើសកលលោក។
ថ្លែងក្នុងជំនួបជាមួយក្រុមកីឡាករដែលចេញទៅប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហានចូវ ប្រទេសចិន ជិត ១០០នាក់នៅវិមានសន្ដិភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំកីឡាករ និងកីឡាការិនីទាំងអស់ ត្រូវបន្តហ្វឹកហាត់ និងថែរក្សាសុខភាព ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា ត្រូវចេះរក្សាសាមគ្គីភាព និងបន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ។
សម្ដេចបានរម្លឹកដល់កីឡាករទាំងអស់ថាការចេញទៅប្រកួតគឺតំណាងឱ្យជាតិខ្មែរទាំងមូលដូច្នេះការប្រព្រឹត្តិមិនសមរម្យណាមួយនឹងជះឥទ្ធិពលដល់មុខមាត់ជាតិទាំងមូល។
គួរឱ្យដឹងផងដែរថាប្រតិភូកីឡាកម្ពុជាដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហានចូវ ប្រទេសចិន មានចំនួន ១៧៩នាក់ ក្នុងនោះកីឡាករមានចំនួន ១១៤នាក់ ដែលប្រកួតលើ ១៧ប្រភេទកីឡា រួមមាន បាល់ទះ បាល់បោះ ទូកក្ដោង យូដូ តេក្វាន់ដូ គុនដាវ ហែលទឹក អត្តពលកម្ម វាយសី ទ្រីយ៉ាត្លុង ចំបាប់ ការ៉រាតេ គ្រិកឃីត អុកចិន សូហ្វតិន្នីស ទូកនាគ និងជឺជីតស៊ូ៕