ភ្នំពេញ៖ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខំស្វែងរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ជាពិសេសនៅក្នុងរដូវច្រូតកាត់ដែលនឹងមកដលពេលដ៏ខ្លីខាងមុខ។ ព្រមទាំងផ្តល់ការពិគ្រោះយោបល់អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់។
រាជរដ្ឋាភិបាលបានណែនាំបែបនេះនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមនឹងការណែនាំនេះ រាជរដ្ឋាភិបាលបានគូសបញ្ជាក់ថានៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
លើសពីនេះរាជរដ្ឋាភិបាលក៏ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសមត្ថភាពកសិកម្ម នៅទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ជាពិសេសការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតប និងប្រតិបត្តិជួយសង្គ្រោះប្រជាជន ឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ជាដើម៕