ប្រធានកាកបាទក្រហមអំពាវនាវឱ្យមានការចូលរួមដាំកូនឈើគ្រប់ប្រភេទដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសពោរពេញដោយបរិស្ថានបៃតង
កំពង់ស្ពឺ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវប្រជាពលរដ្ឋចូលរួមគ្នាថែរក្សា ការពារព្រៃឈើ និង បន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ នៅលើដីទំនេរតាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតងមានខ្យល់បរិសុទ្ធ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដូចនេះក្នុងឱកាសចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ និង វេទិកាយុវជនលើកទី ២ នៃសមាគមជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “ គិរីរម្យ ” ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងពិធីនេះដែរ សម្តេចបានស្នើឱ្យបញ្ឈប់ការកាប់ព្រៃឈើ ងាកមករួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិ យើងប្រកបដោយសុខុមាលភាព។
សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំសូមឧទ្ទិស ពិធីដាំដើមឈើថ្ងៃនេះ ឱ្យស្ថិតនៅ ក្នុង បេះដូងយើងទាំងអស់គ្នា ហើយក្លាយទៅជាកាតព្វកិច្ច ដែលមនុស្សជាតិគ្រប់រូប ស្រឡាញ់ និង រួមគ្នាដាំដើមឈើ ដើម្បីទ្រទ្រង់ជីវិតមនុស្ស សត្វ និង ការ ពារ ភព ផែន ដីឱ្យចាកផុតពីគ្រោះធម្មជាតិទាំងឡាយ»។
ទន្ទឹមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការដល់រាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយ ក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធ ជីវវិទ្យាសម្រាប់ការពារ និង ស្តារឡើងវិញនូវព្រៃឈើ ប្រកបដោយខ្យល់បរិសុទ្ធ និង បរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកឡើងថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ គឺជាការចុះអនុវត្តជាក់ស្តែង ដើម្បីទទួលបានបទពិសោធន៍ ក្នុងការដាំដើមឈើឡើងវិញ នៅតាមតំបន់ព្រៃភ្នំ ការយល់ដឹងនូវគុណតម្លៃនៃព្រៃឈើ និងសត្វ ដែលរស់នៅក្នុងភពផែនដី។
សម្តេចបន្ថែមផងដែរថា កម្មវិធីនេះ នឹងលើកទឹកចិត្តដល់យុវជនគ្រប់ជំនាន់ឱ្យមានឆន្ទៈចូលរួមក្នុង បេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និង បញ្ហាប្រឈមជាសកល៕