ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា "ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK” ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃអង្គារ៍នេះថា ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ទូរទស្សន៍ជាតិ ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទីរសៀលនេះ
អគ្គនាយកដ្ឋានបានបញ្ចាក់ថា រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុកផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ។
ទទកឲ្យដឹងថាពេលនេះ ក្រុមការងារ បច្ចេកទេសរបស់ ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ និងព្រមានថា ប្រសិនបុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕