ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានអបអរសាទរ តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិភណ្ឌពិភពលោក លើកទី៤៥ នៅរាជធានីរីយ៉ាដ៍ ប្រទេស អារាប៊ី សាអ៊ូឌីត។
តាមសារលើបណ្តាញសង្គមរបស់ លោក ហ៊ុន ម៉ានី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា៖«ក្នុងនាមជាកូនខ្មែរ ខ្ញុំពិតជាមានក្តីរំភើបរកអ្វីនឹងប្រៀបផ្ទឹមពុំបាន ដែលសម្បត្តិមរតកដូនតាខ្មែរ ដែលជាដួងព្រលឹងជាតិ ត្រូវបានទទួលស្គាល់កម្រិតពិភពលោកជាបន្តបន្ទាប់»។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា នេះគឺជាការផ្តល់កិត្តិយសដ៏ធំធេងពីសហគមន៍អន្តរជាតិចំពោះប្រាសាទបុរាណខ្មែរ និងក៏ដូចជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិរក្សបណ្តាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួន រួមមាន តំបន់អតីតរាជធានី លិង្គបូរៈ ឬឆោកគគីរ នេះផងដែរ។
លោកបានឱ្យដឹងបន្ថែមថា ប្រាង្គប្រាសាទបុរាណខ្មែរ ប្រកបដោយប្រណិតភាពនៃវិចិត្រកម្ម និងស្ថាបត្យកម្មល្អឯក ត្រូវបានបុព្វបុរសខ្មែរកសាងទុកជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយចងចាំនូវភាពរុងរឿងនៃប្រវត្តិសាស្រ្តរបស់ខ្លួន ដូច្នេះត្រូវមានកាតព្វកិច្ចបន្តលើកតម្កើងមោទនភាពជាតិនេះឱ្យកាន់តែខ្ពស់ឡើងជាលំដាប់។
គួរឱ្យដឹងដែរថា រដ្ឋបាលរាជធានីណែនាំដល់គ្រប់ស្ថាប័នរដ្ឋ-ឯកជន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីពេទ្យ វត្តអារាម វិហារសាសនា និងពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ វាយជួង ទូងស្គរ ទះប៉ោត និងគោះត្រដោក វេលាម៉ោង៧:០០ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ដើម្បីអបអរសាទរ ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនរួមមាន សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ, សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
និង ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕