ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យនៅតាមបណ្តារាជធានីខេត្តទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬពន្ធដីធី្លមិនបានប្រើប្រាស់សម្រាប់ឆ្នំា២០២៣ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថានឹងបិទបញ្ចប់ការបង់ពន្ធលើអចលនទ្រព្យ ឬពន្ធដីធី្លមិនបានប្រើប្រាស់សម្រាប់ឆ្នំា២០២៣ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃអង្គារនេះ គឹនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ។
ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវរួសរាន់មកបង់ពន្ធមុនថ្ងៃកំណត់មកដល់ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ វឌ្ឍនៈ ឬធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ឬធនាគារ ស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឬធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬតាមរយៈកម្មវិធី "GDT Taxpayer App" ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។
អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា ម្ចាស់អចលនទ្រព្យណាដែលខកខានមិនបានមកដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕