
សំឡេងរបស់យុវជននឹងត្រូវលើកឡើងទៅពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអាស៊ីអាគ្នេយ៍លើកទី២០
ភ្នំពេញ៖ ប្រតិភូយុវជនទាំង១១ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន បានពិភាក្សាលើកការអនុវត្តន៍នៃសេចក្ដីថ្លែងការណ៍នៃវេទិការយុវជនលើកទី១ ដើម្បីត្រៀមពិភាក្សាក្នុងងការកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយសម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣នេះ។
កិច្ចពិភាក្សានេះរៀបចំឡើងនៅក្នុងវេទិកាយុវជនលើកទី២ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នៅរាជធានីភ្នំពេញដើម្បីពិនិត្យ និងពិភាក្សារួមគ្នាទៅលើសេចក្ដីថ្លែងការណ៍ពីមុន និងបញ្ហាដែលកើតមានឡើងចំពោះមុខដែលទាក់ទងទៅនឹងប្រធានបទ ការអភិវឌ្ឍន៍យុវជន ការការពារយេនឌ័រនិងបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងសុខភាពផ្លូវចិត្ត។
តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា លោកស្រី ដួង ទេពសុគន្ធា បានលើកឡើងថាការរៀបចំឱ្យមានការពិនិត្យពិភាក្សានេះគឺដើម្បីជំរុញឱ្យយុវជន ចេះវាយតម្លៃរកភាពខ្លាំង ភាពខ្សោយ នៃបញ្ហាទាំងនោះ ព្រមទាំងសិក្សាពីឱកាស និងភាពគំរាមកំហែងមួយចំនួនដែលធ្វើឱ្យបញ្ហាទាំងនោះកើតមានឡើង។ លោកស្រីបញ្ជាក់ថាក្រុមយុវជនត្រូវបានបែងចែកជា៥ក្រុមដើម្បីពិភាក្សា។
លោកស្រីបញ្ជាក់ថា៖ «ក្រុមនីមួយៗបានធ្វើការពិភាក្សាស្វែងរកនូវបញ្ហាប្រឈមដែលទាក់ទងទៅនឹងប្រធានបទរបស់ខ្លួន រួចកំណត់យកបញ្ហាប្រឈមមួយដែលជាអាទិភាព ហើយសិក្សាលើបញ្ហានោះថាតើហេតុអ្វីបានរឿងទាំងនោះជាបញ្ហា និងត្រូវចេះដាក់សំណួរសួរខ្លួនឯងថា តើយើងធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះបាន»?
កិច្ចពិភាក្សានៅថ្ងៃទី១៨នេះនឹងលើកទៅបង្ហាញនៅថ្ងៃទី១៩ ខែកញ្ញា ហើយពួកគេនឹងសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីកំណត់យកបញ្ហាតែមួយគត់ក្នុងចំណោម ៥ប្រធានបទខាងលើ ដើម្បីពិភាក្សាបន្ថែមរកនូវដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ និងដើម្បីយកទៅបង្ហាញជូនថ្នាក់ដឹកនាំទាំង ១១សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
គួរឱ្យដឹងផងដែរថាវេទិកាយុវជនសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី២ និងព្រឹត្តិការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ និងវេទិការយុវជនលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការរៀបចំនេះជាមុខមាត់ថ្មីមួយទៀតរបស់កម្ពុជាបន្ទាប់ពីការធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះ៕