តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលខេត្តប្រកួតប្រជែងទាក់ម៉ូយដើម្បី មកអភិវឌ្ឍនៅខេត្តរបស់ខ្លួនតាមរយៈការអនុគ្រោះលើផ្នែកអ្វីមួយរបស់រាជរដ្ឋាភិបាល។
«ខេត្តនីមួយៗ គួរតែប្រកួតប្រជែងគ្នាទាក់ម៉ូយ ខេត្តមួយៗគួរតែចេញគោលការណ៍ទាក់ម៉ូយ គោលការណ៍អនុគ្រោះកម្រិតណា យើងគួរតែជជែកគ្នាក្នុងក្របខណ្ឌ»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ អាចផ្តលល់អនុគ្រោះអ្វីមួយដើម្បីឱ្យវិស័យទេសចរណ៍ក្នុងខេត្តរបស់ខ្លួនកាន់តែប្រសើរឡើង។
សម្តេចធិបតី ថ្លែងថា៖ «យើងអាចគិតគ្នាមើលតិចមើល នៅប្រទេសខ្លះប្រកួតគ្នាទាក់ម៉ូយ អេ! រាជរដ្ឋាភិបាលដើរទាក់ម៉ូយម្នាក់ឯងហត់ណាស់ បើទាក់មកបាន បើខេត្តមួយៗ អត់ទាក់ម៉ូយថែមទៀត ម៉េចជាប់។ ព្រោះខ្ញុំបានទៅទាក់ម៉ូយ ហៅគេមកមើល មកដល់នេះយើងត្រូវបង្ហាញគេថានៅបានអត់ ថាបើនៅអាចហៅគេមកថែមទៀតអត់ ឬនៅពង្រីកខ្លួនបានអត់?»។
ដើម្បីទាក់ទាញអ្នកវិនិយោគ នាយករដ្ឋមន្ត្រីបានណែនាំឱ្យតាមវិស័យពាក់ព័ន្ធនានា ត្រូវរៀបចំឱ្យមានកម្លាំងពលកម្មឱ្យកាន់តែទំនើប និងមានជំនាញផ្នែកបច្ចេកវិទ្យាទំនើបដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រុមអ្នកនិយោគផ្សេងៗ៕