តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបង្ហាញពីមោទនភាពចំពោះសម្បត្តិវប្បធម៌របស់កម្ពុជា និងប្រជាជន ដោយថាគួរផ្សព្វផ្សាយនៅសម្បត្តិវប្បធម៌អរិយធម៌ទាំងនេះទៅកាន់បរទេស។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនគួរនាំយកវប្បធម៌បរទេស ឬចម្លងវប្បធម៌ពីបរទេសមកដាក់នៅក្នុងប្រទេសកម្ពុជានោះទេ តែអ្វីដែលសំខាន់នោះគឺត្រូវជំរុញនូវវប្បធម៌របស់យើងទៅកាន់បរទេសវិញ។
សម្ដេចបានលើកឡើងថា វប្បធម៌របស់កម្ពុជាបានទទួលបានការចាប់អារម្មណ៍ពីបរទេសជាច្រើន។ ការរស់នៅរបស់ពលរដ្ឋខ្មែរ និងសីលធម៌របស់ពលរដ្ឋខ្មែរទទួលបានការចាប់អារម្មណ៍ពីប្រទេសជាមិត្តផងដែរ នៅក្នុងនោះសម្ដេចបានលើកឡើងអំពីប្រធានាធិបតីកូរ៉េ បានកត់សម្គាល់ពីពលករខ្មែរដែលបានធ្វើការនៅទីនោះ៕