ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំកម្មវិធីអាទិភាពចំនួន៤ដើម្បីឱ្យស្របនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិថ្មី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ថ្លែងប្រាប់ថ្នាក់ដឹកនាំបារាំងពីការរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដើម្បីឱ្យស្របនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

លោក ឆាយ ឫទ្ធិសែន លើកឡើងនេះក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក Jacques Pellet និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន។

លោកបានបន្តលើកឡើងដល់ ឯកអគ្គរដ្ឋទូត និងលោកស្រីនាយិកា បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ រួមមាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ។

ក្នុងនោះក៏មាន ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យ ដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ទន្ទឹមនោះ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម ។

ជាមួយគ្នានេះ ក៏មានការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

ជាការឆ្លើយតប អគ្គរដ្ឋទូតបារាំង បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ដោយមានការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាជាច្រើនផងដែរ។

ជាមួយគ្នានោះ លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង AFD។ លោកស្រីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះកិច្ចសហប្រតិបត្តិការ និងមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ហើយរដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀតតាមការស្នើសុំរបស់ក្រសួង។

ជាចុងបញ្ចប់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំងដែលគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក