ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

៥ឆ្នាំក្រសួងការងារបណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។

យោងតាមរបាយការណ៍បានបង្ហាញគឺស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កំលាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និង វិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ ម៉ឺននាក់ ចំនួន ២៧ម៉ឺននាក់ ចន្លោះឆ្នាំ ២០១៨- ២០២២។

សម្រាប់ឆ្នាំ ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និង បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣,៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០,៦៩០ នាក់។

ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩,៩៤៩ នាក់ ក្នុងនោះមានការថយចុះ ៩,១២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ២១,៩៥២ នាក់។

ជាមួយគ្នានេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១,២ និង ៣ ក្នុងឆ្នាំ ២០២២ មានចំនួន ១៦,៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ ២០២១ មានចំនួន ១៥,៦៧៤ នាក់។

ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់ / បរិញ្ញាបត្ររងបច្ចេកទេស ឬ ឯកទេស ក្នុងឆ្នាំ ២០២២ មានចំនួន ១២, ២៦៩ នាក់ ក្នុងនោះមានការកើនឡើង ២៤,៨២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩,៨២៩ នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក