
លោក នេត្រ ភក្រ្តា៖ ទាំងអស់គ្នាចង់ប្តេជ្ញាធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែមានគុណភាពខ្លាំងរស់រវើក
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ប្រមាណ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះដែរ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា៖«ទាំងអស់គ្នាចង់ប្តេជ្ញាធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែមានគុណភាពខ្លាំង រស់រវើក និងដើរតួនាទីសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិតាមរយៈការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព និងលឿន»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ខណៈក្រសួងព័ត៌មាននឹងរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឱ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឱ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៌គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ។
លោកក៏បានលើកឡើងថា ក្រសួងព័ត៌មានមានគម្រោងផ្តួចផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឱ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។
ជាមួយគ្នានេះ ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា លោក ហោ គន្ធា បានបញ្ជាក់ជូនពីការៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោល បំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មាន ឱ្យកាន់តែមានភាពរឹងមាំនិងប្រសិទ្ធិភាពខ្ពស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ។
រដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ជាថ្មីថា លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ។
លោកសង្កត់ធ្ងន់ថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
លោកថ្លែងថា៖«បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយ ខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន»៕