
លោក ជា សុមេធី៖ បញ្ហាពិការភាពគឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ រួមមានការស្តារនីតិសម្បទាជូនជនដែលបាត់បង់កាយសម្បទា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានដឹកនាំឥស្សរជននិងមន្ត្រីជំនាញក្រោមឱវាទក្រសួង ទស្សនៈកិច្ចវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៊ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ ដែលមានទីតាំងស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៊ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ លោក ជា សុមេធី បានថ្លែងថាបញ្ហាពិការភាពគឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះរួមមានការស្តារនីតិសម្បទាជូនជនដែលបាត់បង់កាយសម្បទា។
លោកបានលើកឡើងថា បច្ចុប្បន្នជនមានពិការភាពមានការកើនឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជំងឺទឹកនោមផ្អែម និងបញ្ហាផ្សេងទៀត ដែលទាមទារឱ្យមានការជួយស្តារកាយសម្បទាឱ្យបានល្អចំពោះប្រជាជនដែលមានតម្រូវការ។
ជាមួយគ្នានេះ លោក ជា សុមេធី ក៏បានជួបនិស្សិតតាមបន្ទប់សិក្សានីមួយៗដែលកំពុងសិក្សានៅទីនោះ និងបានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានដែលបានខិតខំធ្វើការបណ្តុះបណ្តាលជំនាញដល់និស្សិតនៅទីនោះរួមទាំងនិស្សិតខ្មែរ និងបរទេស។
រដ្ឋមន្ត្រីរដ្ឋមន្ត្រីរូបនេះបានថ្លែងអំណរគុណចំពោះអង្គការអ៊ិកស៊ីដវើលវ៉ាយ ដែលបានចូលរួមជួយនិងសហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច និងបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ អ្នកជួយមើលថែទារកនិងកុមារ ពិសេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ។
វិទ្យាស្ថានជាតិសង្គមកិច្ចត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ក្នុងគោលដៅអប់រំបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវមន្ត្រីរាជការផ្ទៃក្នុងក្រសួង និងមន្រ្តីពាក់ពន្ធអនុវត្តការងារសង្គមកិច្ច សិក្សាស្រាវជ្រាវលើវិស័យសង្គមកិច្ចដើម្បីឆ្លើយនឹងសំណូមពរនិងតម្រូវការជាក់ស្តែង សម្រាប់បម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះនិងងាយរងគ្រោះតាំងពីចាប់កំណើតក្នុងផ្ទៃរហូតដល់ស្លាប់ និងមានបេសកកម្មធំពីរគឺ បណ្ដុះបណ្ដាល និង ស្រាវជ្រាវលើវិស័យសង្គមកិច្ច។
ដោយឡែក អង្គការអង្គការអ៊ិកស៊ីដវើលវ៉ាយ ជាសាលាបណ្តុះបណ្តាលអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវយៈសិប្បនិម្មិតនិងរណបកម្ពុជា (នៅប្រទេសជិតខាងនិងប្រទេសជាច្រើនទៀតគេហៅថាគ្រូពេទ្យអវយវៈសិប្បនិម្មិតនិងរណប) បានមានវត្តមាននៅកម្ពុជាក្នុងឆ្នាំ១៩៩៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវៈសិប្បនិម្មិតនិងរណប ជូនដល់ជនមានពិការភាពដោយសារសង្គ្រាម និងជំងឺផ្សេងៗ ខណៈទទួលបានការគាំទ្រពីក្រសួងសង្គមកិច្ច និងអង្គការទាំង១១ ផ្សេងទៀតដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្រោមវិស័យដូចគ្នា៕