ថៃ៖ ការស្ទង់មតិទៅលើវិនិយោគិនបរទេសដែលមានមូលដ្ឋានវិនិយោគរបស់ខ្លួននៅក្នុងប្រទេសថៃ បានបង្ហាញលទ្ធផលនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ថៃអាចធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ដោយសារផលប៉ះពាល់នៃការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ ១៩ ដ៏ធ្ងន់ធ្ងរបំផុត ដែលបន្តជះផលប៉ះពាល់រហូតមកដល់ពេលនេះ រួមនិងវិធានការរដ្ឋបាលដ៏តឹងរ៉ឹងដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយវីរុសសកលនេះ។
សន្ទស្សន៍ទំនុកចិត្តធុរកិច្ចបរទេសនៅត្រីមាសទី ២ ឆ្នាំ២០២១នេះបានធ្លាក់ចុះពី ៣៣.២ភាគរយ មកនៅត្រឹម ២៧.៧ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០២១ដូចគ្នានេះ។ វិនិយោគិនបរទេសភាគច្រើនបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ថៃទាំងមូលនឹងមិនមានសញ្ញាណនៃការស្ទុះងើបឡើងវិញឡើយ ដោយយ៉ាងហោចណាស់ស្ថានភាពបែបនេះនឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ឯណោះ ។
ទំហំសេដ្ឋកិច្ចថៃបានធ្លាក់ចុះប្រមាណ ៦.១ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារឥទ្ធិពលរីករាលដាលនៃជំងឺរាតត្បាតជំងឺកូវីដ-១៩ ថ្វីបើមានចំនួនអ្នកឆ្លង និងអត្រាអ្នកស្លាប់ក្នុងស្រុកតិចតួចក៏ដោយកាលពីឆ្នាំមុន។
លោក Stanley Kang នាយកនៃសភាពាណិជ្ជកម្មថៃ-អន្តរជាតិបានលើកឡើងថា វិធីតែមួយគត់ដើម្បីស្តារសេដ្ឋកិច្ចថៃឡើងវិញឆាប់រហ័ស គឺការពន្លឿនយុទ្ធនាការផ្តល់វ៉ាក់សាំងដល់ប្រជាជនក្នុងប្រទេស ត្បិតបច្ចុប្បន្ននេះ ស្ថានភាពពាណិជ្ជកម្មនៃការនាំចេញរបស់ថៃនៅមានភាពល្អប្រសើរនៅឡើយទេ ដោយបញ្ហាសំខាន់បំផុតគឺការប្រឈមរបស់រដ្ឋាភិបាលទល់នឹងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ៕