
រដ្ឋមន្ត្រីសង្គមកិច្ចព្យាយាមសិក្សាភាសាសញ្ញាក្នុងការប្រាស្រ័យទាក់ទងជាមួយជនមានពិការភាព គ-ថ្លង់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ថាលោកនឹងព្យាយាមសិក្សាភាសាសញ្ញាដោយសង្ឃឹមថា នឹងអាចប្រាស្រ័យទាក់ទងបានជាមួយនឹងជនមានពិការភាព គ-ថ្លង់ បាន។ លោកថ្លែងបែបនេះនៅក្នុងទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំនិងក្រុមគ្រួសារខ្ញុំនេះខំរៀនដែរ (ភាសាសញ្ញា)។ យប់មិញនេះគ្រួសារខ្ញុំផ្ញើវីដេអូមកមួយយប់មិញនេះគឺអង្គុយមើលតែវីដេអូភាសាសញ្ញារៀនមួយយប់ហើយ ខ្ញុំសង្ឃឹមថាជួបបងប្អូនលើកក្រោយខ្ញុំនឹងចេះ!»។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីបានបញ្ចាក់ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ ជនមានពិការភាព ជាពិសេសបងប្អូន កូនក្មួយ ក្រុមគ្រួសារមនុស្សគ-ថ្លង់។
លោកថា រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមផងដែរ៕