លោក ហ៊ុន ម៉ាណែត ចុះពិនិត្យមើលក្រុមការងារសាងសង់ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាលរួមនឹងប្រតិភូអមដំណើរអញ្ជើញចុះពិនិត្យមើលក្រុមការងារជាងកំពុងសាងសង់មណ្ឌលព្យាអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ទាំង២ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីត្រៀមបំរុងសម្រាប់ទទួលបងប្អូនពលករដែលវិល ត្រលប់ពីប្រទេសថៃដែលមានវិជ្ជមាន កូវីដ-១៩។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នោះក៏មានការចូលរួមអមដំណើរដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារសុខាភិបាល។
នាឱកាសនោះលោក ហ៊ុន ម៉ាណែត ក៏ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមការងារសាងសង់ត្រូវពន្លឿនដំណើរការសាងសង់ឲ្យបានឆាប់រួចរាល់ដើម្បីដាក់ដំណើរការព្យាបាលជូនអ្នកជំងឺកូវីដ-១៩។ ទន្ទឹមនោះលោកក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលយើងត្រូវតែរួបរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសប្រភេទបំប្លែងថ្មី Delta ដែលវាមានលទ្ធភាពចម្លងលឿននឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបើសិនយើងព្យាបាលមិនបានទាន់ពេលវេលា៕