អ្នកភូមិរង្វានកើត ស្រុកមង្គលបុរី ត្អួញត្អែរពីផ្លូវលំមួយកន្លែងពិបាកធ្វើដំណើរខណៈមេឃុំថានឹងចុះទៅត្រួតពិនិត្យ
បន្ទាយមានជ័យ៖ អ្នកភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានត្អួញត្អែរអំពីផលលំបាកក្នុងការធ្វើដំណើរលើផ្លូវលំមួយខ្សែត្រង់ចំណុចព្រែកចំណោមព្រំព្រទល់រហាត់ទឹក ខណៈមេឃុំចំណោមអះអាងថានឹងចុះទៅត្រួតពិនិត្យផ្លូវលំមួយខ្សែនោះ។
តំណាងអ្នកភូមិចំណោមម្នាក់ដែលសុំមិនបញ្ជេញឈ្មោះបានថ្លែងប្រាប់ EAC ថា រូបគាត់និងអ្នកភូមិទាំងអស់ឱ្យតែចូលដល់រដូវវស្សាម្តងៗ ពេលធ្វើដំណើរពីផ្ទះ ចូលទៅដីស្រែម្តងៗ ត្រូវចំណាយពេលយូរម៉ោងដោយសារតែផ្លូវបែកភក់ពិបាកធ្វើដំណើរ។
អ្នកស្រីបាននិយាយដូច្នេះថា៖ «ផ្លូវបើសិនជាមានថ្ម ចាក់ទៅ វាអត់សូវអី (ពិបាក) ផ្លូវស្រែគឺវាមានលំបាកអ៊ីចឹងហើយ ប៉ុន្តែប្រសិនជាមានថ្មចាក់ ខ្ញុំព្រឹកមិញមកស្រែជាប់គោយន្ត ចុះរុញរហូត ផ្លូវជាលំបាក វាសុទ្ធតែដីសុទ្ធ ប្រសិនជាមានថ្មក្រាលតិចតួចទៅ យើងអាចស្រួលធ្វើដំណើរដឹកស្រូវ គ្រាន់ចំណោយពេលរុញស្រូវគឺចង់មួយថ្ងៃបាត់ទៅហើយទម្រាំមកដល់ស្រែ»។
តំណាងអ្នកភូមិបានប្រាប់ឱ្យដឹងថា ជួនកាលអ្នកភូមិក៏បានរៃអង្គាសគ្នាទិញថ្មយកចាក់ដើម្បីសម្រួលក្នុងការធ្វើដំណើរផងដែរ។
អ្នកស្រីបានប្រាប់ឱ្យដឹងថា កាលពីព្រឹកនេះរដ្ឋបាលឃុំបានយកថ្មមកចាក់លើផ្លូវនោះផងដែរ តែយ៉ាងណា អ្នកស្រីបានសំណូមពរដល់មេឃុំឱ្យបន្តជួយក្រាលថ្មលើផ្លូវដ៏លំបាកនោះបន្ថែមទៀតដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនស្រូវ និងទំនិញផ្សេងៗ។
ជំនួយការមេឃុំចំណោម បានបញ្ជាក់ប្រាប់ EAC ថាខាងឃុំតែងយកចិត្តទុកដាក់លើផ្លូវដែលរងការខូចខាត និងផ្លូវដែលលំបាកធ្វើដំណើរក្នុងរដូវវស្សាដោយឃុំបានចាក់ថ្មមកបំពេញលើផ្លូវដែលលំបាក។ លោកទទួលស្គាល់ថា ផ្លូវលំទាំងនោះពិបាកធ្វើដំណើរនៅពេលចូលដល់រដូវវស្សា ខណៈផ្លូវទាំងនោះមាមាញឹកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ។
លោកគូសបញ្ជាក់ថា ខាងខេត្តក៏មានគម្រោងជួសជុលផ្លូវទាំងអស់នោះឱ្យស្អាតបាតផងដែរ ប៉ុន្តែទន្ទឹមនឹងខេត្តមិនទាន់ធ្វើខាងឃុំគឺត្រូវមានតួនាទីថែទាំផ្លូវទាំងអស់នោះដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់ជាប្រចាំ។
ពាក់ព័ន្ធនឹងករណីផ្លូវលំចូលភូមិត្រង់ចំណុចព្រែកចំណោមជាប់ព្រំប្រទល់រហាស់ទឹកនោះ លោកបញ្ជាក់ថា ខាងឃុំនឹងចុះត្រួតពិនិត្យលើករណីនេះ។
លោកថ្លែងថា៖ «ខ្ញុំនឹងទៅត្រួតពិនិត្យជាក់ស្តែងសិន បើយើងដឹងថាយើងគិតយ៉ាងម៉េច ហើយយើងនឹងឱ្យពលរដ្ឋលើកជាគម្រោង (ជួសជុល) ហើយខែប្រាំងយើងនឹងធ្វើឱ្យបងប្អូន»៕