ជប៉ុននឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាលបន្ថែមទៀត
ភ្នំពេញ៖ ប្រធានសមាគមកម្ពុជា-ជប៉ុន បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។
លោក តាកាហាស៊ី ហ្វូមីអាគី Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន (Japan-Cambodia Association (JCA) លើកឡើងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងជំនួបនេះ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយក្នុងនោះ សមាគមកម្ពុជា-ជប៉ុន ក៏បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ដឹកនាំក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគ នៅកម្ពុជា ក្នុងនោះរួមទាំងសហគ្រាសធុនតូច និងមធ្យម (small and medium sized enterprises (SMEs) ដែលចំណាប់អារម្មណ៍ ចំពោះវិស័យសំខាន់ៗ២។
លោកន្ថែមឱ្យដឹងថា វិស័យសំខាន់ៗទាំង២ រួមមាន ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ សេវាបដិសណ្ឋារកិច្ច មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន) ការតុបតែង និងកែសម្ផស្ស សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណ លោក តាកាហាស៊ី ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាច្រើននាពេលកន្លងមកដូចជា ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានសមាគមកម្ពុជា-ជប៉ុន។
លោក ឈាង រ៉ា បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន បន្តជួយសហការកៀររគរ វិនិយោគិនជប៉ុនទាំងផ្នែកឯកជន និងអង្គការសប្បុរសធម៌នានាបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគក៏ដូចជាជំនួយសហប្រតិបត្តិការ អភិវឌ្ឍវិស័យសុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាសំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕