ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានរដ្ឋសភាជំរុញការបង្កើនភាពជាអំណាចសម្រាប់ស្ដ្រីលើឆាកអន្តរជាតិ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជំរុញពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជានិងអាស៊ែបៃហ្សានតាមរយៈការពង្រឹងភាពជាអំណាចរបស់ស្ត្រីក្នុងសភានៃប្រទេសទាំងពីរ។ ការជំរុញនេះធ្វើឡើងក្នុងពេលដែលសម្ដេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សានលោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនៅព្រឹកថ្ងៃសុក្រនេះ លោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) បានអបអរសាទរចំពោះ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។ ខណៈដែលប្រទេសលោកមានប្រធានសភាជាស្ត្រីដែរនោះលោកសង្ឃឹមថាទំនាក់ទំនងរវាងសភាទាំងពីរកាន់តែមានភាពល្អប្រសើរឡើង។

លោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) បានលើកឡើងពីបំណងក្នុងការជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកជំនួយស្ត្រីពីប្រទេសខ្លួនមកកាន់កម្ពុជាផងដែរ ដើម្បីបង្កើនទំនាក់ទំនងរវាងស្ត្រីលើផ្នែកជំនួញឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមការបង្កើតសមាគមអតីតនិស្សិតកម្ពុជានិងអាស៊ែបៃហ្សាន ដើម្បីពួកគេបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងបានសិក្សាពីភាសា ប្រវត្តិសាស្រ្ត វប្បធម៌ ពីគ្នាទៅវិញទៅមកផងដែរ។

ប្រធានរដ្ឋសភាសម្ដេចរដ្ឋសភធិបតី ឃួន សុដារី បានលើកឡើងថានេះគឺជាឱកាសល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងអាស៊ែបៃហ្សាន ដែលនឹងជំរុញការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ដ្រីឱ្យកាន់តែកើនឡើង។ សម្ដេចបន្ថែមថា បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយថា អាស៊ែបៃហ្សាន ជាប្រទេសដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ក្នុងសម័យសហភាពសូវៀត ហើយបញ្ញាវន្តខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអាស៊ែបៃហ្សាន បានក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ននេះ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សាន កាលពីឆ្នាំ២០១៤ ហើយកាលពីឆ្នាំ២០២២ ថ្មីៗនេះ លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែបៃហ្សាន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសភាទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសភា ទាំងកម្រិតទ្វេភាគី និងពហុភាគី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក