អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាត់ទុកការចាប់ខ្លួនជនបរទេសមានសញ្ជាតិខ្មែរ នៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ជារឿងបុគ្គល
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការផ្សាយរបស់សារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបាន ប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងទៀតថា យោងតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ប្រទេសនីមួយៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា៖ «បញ្ហាខាងលើគឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អរគុណដល់សាធារណជនដែលបានឈ្វេងយល់ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានខាងលើ ហើយបានចូលរួមទប់ស្កាត់នូវព័ត៌មានដែលមានចេតនាលម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ៕