អ្នកនាំពាក្យ៖ អង្គការ HRW តែងព្រងើយកន្តើយចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហការប្រតិបត្តិការបរទេស បានលើកឡើងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) តែងតែធ្វើមិនដឹងមិនឮ ម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលតែងតែងផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សា និងស្អប់ខ្ពើមជាតិសាសន៍ និងជំរុញឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល។
អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពបែបនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយ ភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យបានបកស្រាយថា ការអះអាងថាការបោះឆ្នោតទូទៅឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាងធ្ងន់ធ្ងរនោះ គឺមិនមែនជាការពិតទាល់តែសោះ។
អ្នកនាំពាក្យថា៖ «ការពិតការបោះឆ្នោតនេះ ដែលមានគណបក្សចំនួន ១៨ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតដ៏គួរឱ្យកត់សម្គាល់រហូតដល់ជិត ៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជាទៅវិញទេ»។
លោកបន្តថា កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាព បញ្ជាក់ពីការជឿជាក់របស់ប្រជាពលរដ្ឋចំពោះដំណើរការបោះឆ្នោត និងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើពហិការចំពោះការបោះឆ្នោតពីសំណាក់ អ្នកនយោបាយជ្រុលនិយម។
លោកបន្ថែមថា សេចក្តីថ្លែងការណ៍នានារបស់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតទូទៅ នេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន។
ចំពោះការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ អ្នកនាំពាក្យថា នេះគឺជាការ អះអាងគ្មានលក្ខណៈថ្លឹងថ្លែងសត្យានុម័ត ឬសមាមាត្រ។
អ្នកនាំពាក្យថា៖ «ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការ ប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់»។
លោកថ្លែងឱ្យដឹងទៀតថា ការបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍ន ការអត្ថាធិប្បាយប្រកបដោយភាពលម្អៀងរបស់អង្គការ HRW ជោគជ័យរបស់កម្ពុជាជា ច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គមសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ភាពប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធដោយ អង្គការមួយនេះ។
អ្នកនាំពាក្យបន្ថែមថា៖ «វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព (SDGs) របស់ខ្លួនត្រូវបានស្ដែងឡើង តាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោលដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ “អព្ភូតហេតុសេដ្ឋកិច្ច»។
អ្នកនាំពាក្យអះអាងថា ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១រូប ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយ នេះបានប្រកាន់យក៕