ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារៈមកដល់កម្ពុជាហើយ ដើម្បីចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។
នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ និងជាប្រធានក្រុមការងារចាត់ចែងទូទៅ និងដឹកនាំសមយុទ្ធ លោក ប៉ែន សុក្រិត្យវិទ្យា បានទទួលស្វាគមន៍ កម្លាំងរបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់ចូលរួមសមយុទ្ធសុខាភិបាលយោធារួមគ្នារវាងកងយោធពលខេមរភូមន្ទ និងកងទ័ពរំដោះប្រជាជនចិន "ទេវតាសន្តិភាព-ឆ្នាំ២០២៣" នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សមយុទ្ធបានកំណត់យកប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» ដែលនឹងប្រារព្ធធ្វើរយៈពេល ១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើត ចំណងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយកម្ពុជា ក៏ដូចជា ដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព៕