ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីការងារ៖ វត្តមានអ្នកវិនិយោគជប៉ុនជាការជំរុញអ្នកវិនិយោគប្រទេសដទៃមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនក្នុងពេលបច្ចុប្បន្ន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោក ហេង សួរ លើកឡើងបែបនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

លោកបានឱ្យដឹងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ម៉្យាងទៀត លំហូពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។

រដ្ឋមន្ត្រីរូបនេះបានស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុន ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដែលការណ៍នេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនក្នុងការជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា។

បន្ថែមពីលើនេះ លោក ហេង សួរ ក៏បានស្នើឱ្យសមាគមជប៉ុន-កម្ពុជា (JCA) ពិនិត្យលទ្ធភាពក្នុងការបើកទីស្នាក់ការរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគកម្ពុជា ខណៈលោកសន្យាជួយសម្របសម្រួលឱ្យអស់លទ្ធភាពលើកិច្ចការនេះ។

ជាការឆ្លើយតប លោក ហ្វ៊ូមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយកសំណូមពរនេះ និងបានបញ្ជាក់ថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។

សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក