ភ្នំពេញ៖ សូមធ្វើអំពើសុចរិតព្រោះអ្នកមិនអាចមើលឃើញពីវាសនារបស់អ្នកនាថ្ងៃខាងមុខទេ យករឿងស្នងការរងខេត្តកំពតជាឧទាហរណ៍ ព្រោះពេលនេះលោកត្រូវអស់តំណែងក្រោយពីបានរកឃើញថាមានជួបពាក់ព័ន្ធនឹងអំពើរលួចដ៏ល្បីកាលពីឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចដកហូតតំណែង លោក ហេង ហាប់ ពីស្នងការរងនគរបាលខេត្តកំពត មកជាមន្រ្តី បន្ទាប់ពីមានការលើកឡើងថាមន្ត្រីនគរបាលរូបនេះល្បីរឿងលួច IPad កាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្រេចដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រីដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
គួរឱ្យដឹងដែរថា លោក ហេង ហាប់ រូបនេះ ធ្លាប់មានរឿងអាស្រូវលួច iPad ពីកន្លែងវេរលុយ និងទើបនឹងត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពតកាលពីពេលថ្មីៗនេះ។
កាលពីពេលថ្មីនេះនាយប៉ុស្តិ៍នគរបាលសំព្រោជ ឈ្មោះ ហុង សារ៉ុម នៅខេត្តកំពង់ធំ ក៏ត្រូវបានដកក្រវាត់ចោលផងដែរក្រោយពីបានរកឃើញថាជនម្នាក់នេះជាប់ពាក់ព័ន្ធនឹងអំពើប្លន់ដ៏កក្រើកនៅក្នុងខេត្តកំពង់ធំកាលពីឆ្នាំ២០១៥៕