ភ្នំពេញ៖ រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធីសែន បានរម្លឹកដល់មន្ត្រីរបស់ខ្លួននូវកម្មវិធីទាំង៤ របស់ក្រសួងក្នុងការជំរុញការអភិវឌ្ឍន៍ និងជំរុញជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទរបស់កម្ពុជា។
ការរម្លឹកនេះធ្វើឡើងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឆាយ ឬទ្ធីសែន បានលើកឡើងពីកម្មវិធីទាំង៤ ដែលក្រសួងត្រូវខិតខំសម្រេចឱ្យបានរួមមាន៖
- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។
- កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅផ្លាស់ប្តូឥរិយាបទ រស់នៅប្រកបដោយ ផាសុខភាព មានសុខភាពល្អ និងអនាម័យ ។
- ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ ។
- ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ មន្ត្រីត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា ខណៈថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ ជាពិសេសថ្នាក់ដឹកនាំត្រូវគិតគូរ ការលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ការផ្ដល់គ្រឿងឥស្សរិយយស ឬការផ្ដល់ប័ណ្ណសរសើរជាដើម៕