នាយករដ្ឋមន្ត្រីបញ្ជាឱ្យផ្អាកការតម្រូវចុះច្បាប់អនុញ្ញាតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យផ្អាកការតម្រូវឱ្យអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនចុះបញ្ជីស្នើសុំច្បាប់ប្រកបអាជីវកម្ម ដើម្បីជួយគាំទ្រដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមគោលនយោបាយដែលបានដាក់ចេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅបណ្ដាញសង្គមរបស់សម្ដេចនាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការផ្ដល់អទិភាពដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាអតិភាពខ្ពស់របស់រដ្ឋាភិបាលអាណត្តិថ្មី។
យោងតាមសេចក្ដីសម្រេចមួយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចបានបញ្ជាឱ្យ ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មមួយចំនួនដែលមានដូចជា អាជីវកម្មសិល្បះសូនរូប អាជីវកម្មកាត់សក់ អ៊ុតសក់ និងសម្អាងការ ការលក់ដូរសម្ភារៈកីឡា ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក ម៉ូតូឌុប អាជីវកម្មជួលម៉ូតូ រ៉ឺម៉កទេសចរណ៍ សិប្បកម្ម អាជីវកម្មតម្លើងម៉ាស៊ីនអគ្គិសនីសម្រាប់បញ្ចូលអាគុយដេលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់ កន្លែងជុសជួលម៉ូតូ លាងឡាន ម៉ូតូ អាជីវកម្មសេវាពាណិជ្ជកម្ម និងអាជីវកម្មលក់ដុំ រាយ សម្ភារៈកសិកម្ម។
ទន្ទឹមនឹងនេះសម្ដេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕