ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមចេញសេចក្តីជូនដំណឹងពីការប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងត្រូវបើកផ្ដល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់ពីវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្ដាហ៍ លើកទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្តល់ជូនចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលនេះតទៅ។
មូលនិធិជាតិជំនួយសង្គមបានឱ្យដឹងទៀតថា សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (បើតាមទូ ATM)។
សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្ត ទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។
សេចក្តីជូនដំណឹងឱ្យដឹងទៀតថា ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោល នយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់ គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។
មូលនិធិជាតិជំនួយសង្គមបញ្ជាក់ថា ក្នុងករណីអតីតយុទ្ធជន៍ អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើក ប្រាក់សោធននៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែ ត្រូវជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ ឬគេហទំព័រហ្វេសប៊ុកផេក "មូលនិធិជាតិជំនួយសង្គម”៕